អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ម្ដាយ និងកូនរស់នៅក្នុងខេត្តសៀមរាប ២រូបបន្ថែមទៀត បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ !

នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាម្ដាយនិងកូន ចំនួន២រូបបន្ថែមទៀតហើយ ដែលរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីការធ្វើតេស្តដំណាក់ចុងក្រោយជាច្រើនលើកអវិជ្ជមាន។

តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បង្ហាញថា ស្រ្តីជាម្ដាយ និងកូនប្រុសរបស់គាត់ បានឆ្លងឆ្លងមេរោគកូវីដ១៩ ពីបុរសជាប្ដី ដែលត្រឡប់ពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ ក្រោយពីធ្វើការតេស្តអ្នកពាក់ព័ន្ធជាច្រើនរូបមក មន្ត្រីសុខាភិបាលខេត្ត រកឃើញថា មានតែស្រ្តីជាប្រពន្ធ និងកូនប្រុសម្នាក់ក្នុងគ្រួសារនេះប៉ុណ្ណោះ ដែលមានវិជ្ជមានមេរោគកូវីដ១៩ ហើយត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្ថែមទៀត បន្ទាប់ពីត្រឡប់ទៅដល់លំនៅដ្ឋាន ដោយមិនអនុញ្ញាតឲ្យប្រាស្រ័យទាក់ទងជិតស្និតជាមួយសមាជិកគ្រួសារ ឬសហគមន៍ឡើយ។
ស្ត្រីជាម្ដាយរូបនេះ គាត់មានសេចក្ដីរំភើបជាខ្លាំង បន្ទាប់ពីសមាជិកក្រុមគ្រួសាររបស់ខ្លួនទាំងអស់បានជាសះស្បើយ ក្រោមការខិតខំ ប្រឹងប្រែងព្យាបាលរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត និងការយកចិត្តទុកដាក់ពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត។

((សំឡេងស្ត្រីជាម្ដាយ))

គួរបញ្ជាក់ថា: ក្នុងខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៧នាក់ និងបានជាសះស្បើយ ៦នាក់ គិត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ÷

– ទី១ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន រស់នៅក្នុងខេត្តសៀមរាប និងបានជាសះស្បើយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។
– ទី២ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីទៅចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងបានជាសះស្បើយកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។
– ទី៣ និងទី៤: បុរសជនជាតិឥណ្ឌូនេស៊ី ២នាក់ (មិត្តភក្តិ) រកឃើញជំងឺកូវីដ១៩នៅទីក្រុងបាងកក ប្រទេសថៃ បានសុំការព្យាបាលពីរាជរដ្ឋាភិបាលកម្ពុជា នៅខេត្តសៀមរាប និងបានជាសះស្បើយ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។
– ទី៥ និងទី៦: ស្ត្រីជនជាតិខ្មែរជាម្ដាយ និងកូនប្រុស (២នាក់) ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជាប្ដី ហើយបានជាសះស្បើយ នៅថ្ងៃទី១៩ ខែមេសា នេះ ។ (បញ្ជាក់ស្រ្តីជាម្ដាយ បានជាសះស្បើយមុន កូនប្រុសរបស់ខ្លួន តែដោយហេតុកូននៅតូច ទើបសុខចិត្តនៅមើលថែរហូតដល់ពេលចេញពីមន្ទីរពេទ្យទាំងអស់គ្នា) ។ បច្ចុប្បន្នមានតែបុរសជនជាតិខ្មែរ រស់នៅក្នុងខេត្តសៀមរាប ដែលបានឆ្លងជំងឺកូវីដ១៩ ពីភ្ញៀវទេសចរជនជាតិបារាំង តែ ១រូបប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕