បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
……………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមដកស្រង់ព័ត៌មានសំខាន់ៗមួយចំនួនមកជម្រាបជូន៖

ទី១៖ ចំណាប់អារម្មណ៍សំខាន់ៗរបស់ថ្នាក់ដឹកនាំដើម្បីដាស់ស្មារតីកូនខ្មែរក្នុង «ទិវាដាស់ស្មារតីជាតិ» ២៨ ឧសភា ដែលមានដូចតទៅ៖
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុងហ្វេសប៊ុករបស់សម្តេចថា ការចូលរួមក្នុងកម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចងចាំបទពិសោធ និងព្រឹត្តិការណ៍ដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំងសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។

សម្តេចប្រមុខរដ្ឋស្តីទីបន្តថា៖ «យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពតាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែងដែលបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែ វាទាមទារឱ្យមានការរួបរួម ការលះបង់និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ យុទ្ធនាការស្មារតីជាតិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិអាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ គឺជាមេរៀនដ៏មានតម្លៃដែលជំរុញឱ្យយើងទាំងអស់គ្នាបន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ»។

យើងទាំងអស់គ្នាក៏នៅចងចាំបាននូវសារដ៏មានអត្ថន័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង»។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ស.ស.យ.ក ដែលជាអ្នករៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» ក៏បានគូសរំលេចឱ្យដឹងថា៖ «គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ (Day of Reckoning) គឺនាំមកនូវការជួបជុំក្រោមដំបូលតែមួយ ដើម្បីរំឭកនិងចងចាំអំពីអតីតកាលដ៏ជូរចត់ ប៉ុន្តែ ពោរពេញដោយមនោសញ្ចេតនា ដែលបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលប្រជាជនកម្ពុជាទាំងមូលបានឆ្លងកាត់រួមគ្នា ក្នុងនាមជាប្រជាជាតិមួយ។ កម្ពុជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលយើងសម្រេចបានដោយលំបាកនេះ។ សន្តិភាព គឺជាអ្វីដែលយើងទាំងអស់គ្នាតែងបន្តការពារ ថែរក្សា និងប្រកាន់ខ្ជាប់ជានិច្ច ព្រមជាមួយនឹងស្មារតីនៃការរួមរស់ជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»។

ទី២៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងជំនួបទ្វេភាគី ជំនួបក្រៅផ្លូវការ និងជំនួបគួរសមជាបន្តបន្ទាប់ ដែលក្នុងជំនួបទាំងនោះ ជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយថៃ ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីការទូតដ៏សកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ សហរដ្ឋអាម៉េរិកបានលើកទឹកចិត្តឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងនេះឱ្យពេញលេញដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នា។ ក្នុងជំនួបនោះ សហរដ្ឋអាម៉េរិក បានកោតសរសើរកម្ពុជាយ៉ាងខ្លាំង ចំពោះការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការអនុម័តច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ UN Country Team ដែលបានគាំទ្រកម្ពុជា ស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ដោយឡែក ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស ភាគីទាំងពីររីករាយចំពោះលទ្ធផលកិច្ចប្រជុំលើកទី១នៃ «យុទ្ធសាស្ត្រ២+២» រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន កាលពីខែមេសា នៅរាជធានីភ្នំពេញ និងការឯកភាពពង្រីកកិច្ចប្រជុំនេះឱ្យឈានដល់កម្រិត ៣+៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ យោធានិងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនក្នុងការសម្រុះសម្រួលនិងសម្របសម្រួលឱ្យមានការឈប់បាញ់ និងដំណោះស្រាយប្រកបដោយសន្តិភាពចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។

ភាគីចិនបានប្តេជ្ញាគាំទ្រដល់កម្ពុជាលើការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្ម ក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបការលំបាកផ្នែកសន្តិសុខថាមពល និងកង្វះជី។ ភាគីចិនក៏បានបញ្ជាក់ថា នឹងត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅក្នុងឆ្នាំនេះ។

តាមរយៈជំនួបទ្វេភាគីដ៏ទូលំទូលាយទាំងនេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព សម្រាប់តំបន់និងពិភពលោក៕

សូមអរគុណ!