អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តកំពតជំរុញការរៀបចំប្រព័ន្ធរំដោះទឹកបញ្ចៀសការជន់លិចក្រុងកំពតនិងឃុំមួយចំនួននៃស្រុកទឹកឈូ

អភិបាលខេត្តកំពត ជំរុញឲ្យមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ សហការគ្នាឲ្យបានល្អ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុង និងឃុំជាប់ក្រុងមួយចំនួនរបស់ស្រុកទឹកឈូ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងក្នុងក្រុងកំពត នារដូវវស្សាខាងមុខនេះ ។

នៅកិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពតបានសម្រេចបង្កើតគណៈកម្មការមួយ ដែលអភិបាលខេត្តជាប្រធាន និងមានមន្ត្រី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនជាសមាជិក ដើម្បីធ្វើយ៉ាងណា ជំរុញឲ្យការរៀបចំប្រព័ន្ធរំដោះទឹកមានប្រសិទ្ធភាព និងអាចបញ្ចៀសការជន់លិចក្រុងនៅរដូវវស្សារខាងមុននេះ។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីឲ្យគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹកធ្វើទៅបាន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរបស់មន្ទីរ អង្គភាពជំនាញ ត្រូវស្រង់ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ឡើងវិញ ហើយរៀបចំផែនទីប្រព័ន្ធបង្ហូរទឹកមេ ក្នុងភូមិសាស្ត្រក្រុងកំពត និងស្រុកទឹកឈូឲ្យច្បាស់លាស់ ពិនិត្យមើលប្រព័ន្ធបង្ហូរទឹកណាខ្លះដែលត្រូវស្តារ ឬត្រូវកាយបន្ថែមដើម្បីបើកផ្លូវទឹក ជួយសម្របសម្រួលដោះស្រាយផលប៉ះពាល់ ពេលអនុវត្តគម្រោងនៅក្នុងតំបន់នីមួយៗ ។ ពិសេសត្រូវរួមគ្នាទប់ស្កាត់ការរំលោភបំពានដីរដ្ឋ ស្របទៅតាមស្មារតីលិខិតលេខ៧០៤ ធទឧ របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីការទប់ស្កាត់ ការរំលោភ ការចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ឯកឧត្តមជាវ តាយអភិបាលខេត្តបានជំរុញឲ្យគ្រប់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងគណៈកម្មការ ចូលរួមពិនិត្យពិភាក្សា រកដំណោះស្រាយល្អៗដើម្បីទប់ស្កាត់ភាពអានាធិបតេយ្យ និងធ្វើការអភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹក ក្នុងភូមិសាស្រ្តនៃក្រុងកំពត និងបណ្ដាឃុំមួយចំនួនទៀតនៃស្រុកទឹកឈូ ដែលជាប់នឹងក្រុងកំពត ឱ្យមានលក្ខណៈល្អប្រសើរ ចៀសផុតពីការជន់លិច ឬដក់ទឹក។ ឯកឧត្តមក៏បានស្នើដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមសហការអនុវត្តនូវតួនាទីភារកិច្ច របស់ខ្លួនឲ្យបានល្អ គឺរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូឲ្យមានប្រសិទ្ធភាពនិងប្រកបដោយនិរន្តរភាព៕