អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ ក្នុងរយៈពេល០២ថ្ងៃ

នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានប្រកាសបើកស ន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០របស់ខ្លួន ក្នុងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី០៣ និង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងគោលបំណងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលឆ្នាំ២០១៩នេះ និង ពិនិត្យ ពិភាក្សា ស្វែងរកនូវដំណោះស្រាយជាគន្លឹះនានា ចំពោះបញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់មួយចំនួន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

អង្គសន្និបាតនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ដោយមានការចូលរួមសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុក និងអភិបាលក្រុងស្រុកគ្រប់ក្រុងស្រុក ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំសង្កាត់ក្នុងទូទាំងខេត្តសៀមរាប សរុបជិត ៦០០នាក់ ។

មានប្រសាសន៍បើកអង្គសន្និបាតនេះឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ការអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ខេត្តរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម តាមរយៈការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រួមមានៈ អំពើជួញដូរមនុស្ស និងគ្រឿងញៀន ដែលទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ ការវិនិយោគ និងសម្រាប់សុវត្ថិភាពសាធារណជនទូទៅ ជាពិសេសដោយមានការចូលរួម និងកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ បទល្មើសគ្រប់ប្រភេទបានបង្រ្កាប និងទប់ស្កាត់ទទួលបានលទ្ធផលល្អប្រសើរឡើង ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសចាប់ជំរិតតាម online, ឤជីវកម្មផ្លូវភេទ បនល្បែងខុសច្បាប់ ក្រុមកេ្មងទំនើង បទល្មើសចរាចរណ៍ និងបទល្មើសនានាជាច្រើនទៀត ដែលជាក់ស្តែងឃើញថាបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ៦៨លើ៧០លើក ថយចុះចំនួន២ លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា លទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយសមត្ថកិច្ចរបស់យើងបានខិតខំបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយប្រើប្រាស់វិធានការជំនាញដើរទន្ទឹមនឹងចលនាមហាជន ដើម្បីអនុវត្ដគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដ មានភាពកក់ក្ដៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ហើយលើសពីនេះទៀត ដោយកងកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ មិនត្រឹមតែបានធ្វើការងារសន្ដិសុខជូនប្រជាពលរដ្ឋក្នុងខេត្ដប៉ុណ្ណោះទេ គឺបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងកិច្ចការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងគ្រប់គណៈប្រតិភូជាតិ និង អន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់ពិភព-លោកធំៗ ប្រកបដោយជោគជ័យទៀតផង ។

ឯកឧត្តម បានបន្ថែមទៀតថា ព្រមជាមួយគ្នានឹងសមិទ្ធផលជាច្រើនដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ រដ្ឋបាលខេត្ដក៏បានជួបប្រឈមនឹងបញ្ហាសេសសល់មួយចំនួនដែលយើងត្រូវត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារដែលបានអនុវត្ដរយៈពេល១ ឆ្នំាកន្លងមក ប្រកបដោយចក្ខុវិស័យ ដើម្បីមានមូលដ្ឋានជាក់លាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មីៗ សំរាប់អនុវត្ដបន្ដឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២០ នេះ ។ ដូច្នេះអង្គសន្និបាតក៏មានកាលានុវត្ដភាពដើម្បីពិនិត្យ ពិភាក្សា ស្វែងរកនូវដំណោះស្រាយជាគន្លឹះនានា ចំពោះបញ្ហាទាំងឡាយក្នុងបទអន្ដរាគមន៍របស់សមាជិកអង្គសន្និបាត សម្រាប់ឱ្យរដ្ឋបាលខេត្ដ មានមូលដ្ឋានជាក់លាក់បន្ដដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានកាន់តែប្រសើរឡើង ៕