អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្ត រៀបចំព្រះពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ព្រះជន្មាយុ៨៤ យាងចូល៨៥ព្រះវស្សា

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៤យាងចូល៨៥ព្រះវស្សា ត្រូវបានប្រារព្ធឡើង នៅវត្តក្តីត្នោត ស្ថិតឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ, លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា, ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការនិមន្ត និងចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា អនុប្រធានគណៈកម្មាធិការសាខា សមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រីប្រធានអង្គភាពជុំវិញខេត្ត ព្រះសង្ឃ យាយជី តាជី សរុប៩៦អង្គ/នាក់។

នៅក្នុងកម្មវិធី ថ្នាក់ដឹកនាំបានអានសារគោរពថ្វាយព្រះពរ, ថ្វាយកន្រ្តកផ្កាថ្វាយព្រះពរនៅមុខព្រះឆាយាលក្ខណ៍សម្ដេចព្រះមហាក្សត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងបានរាប់បាត្រប្រគេនព្រះសង្ឃចំនួន៩អង្គ, ប្រគេនបច្ច័យ ភេសជ្ជៈ និងគ្រឿងបរិក្ខារដល់ព្រះមេគណខេត្ត និងព្រះគ្រូចៅអធិការវត្តក្ដីត្នោត ព្រមទាំងបានជូនក្រណាត់ស និងថវិកាដល់យាយជីតាជីផងដែរ ៕