អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមត្រីនៅសង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប ក្រុងសៀមរាប

នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម ង៉ាន់ ភីរុណ អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំព្រមទាំងសហការីនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងកសិដ្ឋានចិញ្ចឹមត្រីឆ្តោ ត្រីរ៉ស់ និងត្រីប្រា របស់ម្ចាស់កសិដ្ឋាន ឈ្មោះ លីហាំងសេង ដែលមានទីតាំងកសិដ្ឋានស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំក្រុងសៀមរាប និងចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្តោរបស់កសិករឈ្មោះតាធឹង ដែលមានទីតាំងស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។ តាមពិនិត្យទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មវារីវប្បកម្មចិញ្ចឹមត្រីប្រកបដោយបច្ចេកវិទ្យាសាមញ្ញ កំពុងដំណើរការទៅដោយរលូន និងទទួល ជោគជ័យជាបណ្តើរ ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានកោតសរសើរ និងសម្តែងការរីករាយ ហើយវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលជាអនុវិស័យដ៏សំខាន់មួយនៃរដ្ឋបាលជលផល បាននឹងកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ ដើម្បីបង្កើនផលត្រី ដើម្បីធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូលផលិតផលត្រីពីប្រទេសជិតខាងផងដែរ។ ជាងនេះទៅទៀត គឺការចាប់យកកាលានុវត្តភាពក្នុងកាល:ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ក្នុងរបាយការណ៍ស្តីពីស្ថិតិផលត្រីចិញ្ចឹមរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបង្ហាញថា៖ការចិញ្ចឹមត្រីនៅខែមករាដល់ខែមេសាឆ្នាំ២០២០ ទទួលបានទិន្នផលសរុប៤,៦៩៤តោន ក្នុងនោះការចិញ្ចឹមត្រីក្នុងបែរ២,៧១០តោន រួមមានត្រីប្រា៧៤០តោន ត្រីអណ្តែង៤៧០តោនត្រីរ៉ស់ និងឆ្តោ១៥០០តោន។
ដោយឡែកសម្រាប់កសិដ្ឋានលីហាំងសេង មានស្រះត្រីចំនួន១៩ស្រះលើផ្ទៃដីប្រមាណជា៤០ហិកតា ចិញ្ចឹមត្រី៤ប្រភេទដូចជា: ត្រីប្រា, ត្រីពោ, ត្រីក្រាយ និងត្រីឆ្តោ ដែអាចប្រមូលផលសម្រាប់លក់ចែកចាយក្នុងខេត្តជាមធ្យមពី១,៥០០ទៅ២ពាន់តោន ក្នុងមួយឆ្នាំ ។ រីឯស្រះកសិករតាធឹង មានផ្ទៃស្រះ៨០មគុណនឹង១២០ម៉ែត្រ ចិញ្ចឹមត្រីប្រា និងត្រី ឆ្ងោដោយទទួលបានទិន្នផលត្រីប្រា១០តោន និងត្រីឆ្តោ៤០ក្នុងមួយឆ្នាំ ។
បទសម្ភាសន៍ម្ចាស់កសិដ្ឋាន លីហាំង សេង និងប្រសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីកសិកម្ម ៕