អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្តកំពតជម្រុញដល់អាជ្ញាធរមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធត្រូវរកវិធានការទប់ស្កាត់ការរំលោភតំបន់ឆ្នេរជាបន្ទាន់

បញ្ហា ដែលពាក់ព័ន្ធនឹងករណីការរំលោភបំពានទន្ទ្រានកាប់ព្រៃកោងកាង និងចាក់ដីលុបមាត់ឆ្នេរ ដៃសមុទ្រ ព្រែកកំពត និងផ្លូវទឹកនានា ដែលរដ្ឋបាលខេត្តកំពតបាននឹងកំពុងដោះស្រាយនឹងមានចំណាត់ការជាវិធានការទប់ស្កាត់ជាបន្តបន្ទាប់កន្លងមក។ ទោះបីក្នុងចំណោមបញ្ហានោះ ភាគច្រើនទទួលលទ្ធផលជាវិជ្ជមានក្តី រដ្ឋបាលខេត្តនៅតែជំរុញឲ្យ អាជ្ញាធរ មន្ទីរជំនាញ និងពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ធ្វើយ៉ាងណាកំណត់ផែនទី ដែនដីគ្រប់គ្រង់របស់ខ្លួនឲ្យច្បាស់លាស់ ដើម្បីបញ្ចៀស ឬបញ្ឈប់ការរំលោភទៅថ្ងៃក្រោយទៀត។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅខេត្តកំពត ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងពិភាក្សារកវិធានការ បង្ការទប់ស្កាត់ ការរំលោភលើតំបន់ឆ្នេរ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងដែនដីខេត្តកំពត មានប្រវែង ៦៦,៥គីឡូម៉ែត្រ។ តំបន់ឆ្នេរមានតួនាទីសំខាន់ណាស់ សម្រាប់អ្នកផលិតអំបិល និងប្រជានេសាទ និងទាក់ទាញភ្ញៀវទេសចរ។
រយៈពេលកន្លងមកដោយសារការអភិវឌ្ឍន៍ បង្កឲ្យមានករណី រំលោភបំពាន ដូចជាការកាប់ព្រៃកោងកាង ការចាក់ដីលប់តំនប់ឆ្នេរ ដៃសមុទ្រ ដីស្រែអំបិល មាត់ព្រែកកំពត និងផ្លូវទឹកផ្សេងៗ សរុបចំនួន៤៦២ករណី។ ក្នុងនោះរដ្ឋបាលខេត្តបានដោះស្រាយរួចរាល់ជាស្ថាពរមួយចំនួនធំ ខណៈដែលករណីរំលោភថ្មីចេះតែបន្តកើតឡើងជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ។ ដោយមើលឃើញផលវិបាកទាំងនេះ រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តម ជាវ តាយ អភិបាលខេត្តបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហា ចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។
ឯកឧត្តម បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ និងពាក់ព័ន្ធ ត្រូវសហការរៀបចំជាផែនទីមេ នៃដែនគ្រប់គ្រងរបស់ខ្លួនឲ្យច្បាស់លាស់ ក្រោយពេលធ្វើរួច បើមានករណីរំលោភណាមួយកើតឡើងទៀតនោះ រដ្ឋបាលខេត្ត នឹងកសាងសំនុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង។
ដោយឡែកចំពោះ ករណីទីតាំងបូមខ្សាច់ លប់ស្រែអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រុមការងារ បានសម្រេច ផ្អាករាល់សកម្មភាព ហើយត្រូវ កាយដីចេញពីផ្លូវទឹកដែលបានចាក់លប់ និងរុះរើតូបកំសាន្តចេញវិញ ។ ម្ចាស់ដីត្រូវរងចាំការសម្រេចពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ៕