អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលស្រុកតាំងគោក បន្តចុះដោះស្រាយបញ្ហទឹកស្រោចស្រពស្រូវដំណាំរបស់កសិករ និងឆ្លៀតចុះជួបពលរដ្ឋតាមខ្នងផ្ទះទៀត

(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ បានបង្ហាញស្នាមញញឹមយ៉ាងរីករាយចំពោះសកម្មភាពរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត ដែលតែងតែចុះសួរសុខទុក្ខពួកគាត់ដល់ៗខ្នងផ្ទះតែម្ដង ដោយបានជួយដោះស្រាយបញ្ហាប្រឈមជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ តួយ៉ាងនាពេលប៉ុន្មានថ្ងៃនេះ លោកបានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាទឹកស្រោចស្រពដំណាំ និងស្រែស្រូវរបស់ប្រជាកសិករយ៉ាងសស្រាក់សស្រាំផងដែរ។
ប្រការនេះក៏តែងទទួលបានការណែនាំចង្អុលបង្ហាញជារឿយៗពីសំណាក់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងទទួលបានការគាំទ្រ និងក្រើនរំឭកពីសំណាក់លោក សុខ លូ អភិបាលខេត្តកំពង់ធំផងដែរ ដែលរាល់សកម្មភាពចុះមូលដ្ឋានម្ដងៗ គេតែងឃើញមានព្រះសង្ឃ កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋាននីមួយៗចូលរួមយ៉ាងពេញព្រះទ័យ និងពេញចិត្ត នឹងសកម្មភាពទាំងឡាយនេះ។
ក្រមាបង់កតាមទម្លាប់ខ្មែរ ម៉ាស់ពាក់ជាប់បង្ការអនាម័យ ម្រាមដៃដប់ប្រណម្យសំពះរាក់ទាក់នៅក្បែរសសរផ្ទះ ជាកាយវិការដែលលោកអភិបាលស្រុក ហាក់ ម៉ុងហួត និងក្រុមការងារអនុវត្តជាប្រចាំទៅកាន់ប្រជាពលរដ្ឋដែលកំពុងក្រោកសំពះតបត្រលប់មកវិញ។ ប្រយោគសួស្ដី ជម្រាបសួរ ដេញដោលសុខទុក្ខពីគ្នាទៅវិញទៅមក ខ្មែរយើងមិនដែលចោលឡើយ រីលោកអភិបាលស្រុកយើងក៏ថែមទាំងវេចជាប់តាមខ្លួននូវគ្រឿងឧបភោគបរិភោគខ្លះ សម្រាប់ផ្ញើជូនពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយផងដែរ។
ម្យ៉ាងទៀត នាកំលុងសម័យកូវីដ-១៩នេះទៀតសោត លោកអភិបាលស្រុកសម័យតេជោយើង ក៏មិនដែលភ្លេចឡើយនូវសម្ភារសម្អាតអនាម័យនានា ដូចជាម៉ាស់ ទឹកអាល់កុល ឬជែលលាងដៃ និងរបស់បន្ទាប់បន្សំផ្សេងៗទៀត ដោយប្រគល់ជូនដល់ដៃប្រជាពលរដ្ឋតែម្ដង។
ជាក់ស្ដែង នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងព្រះគ្រូចៅអធិការវត្តគុហ៍ព្រះធាតុ ព្រមទាំងសហការីផងនោះបាននិមន្ត-ដើរសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ នាឱកាសនោះ លោកបាននាំយករទេះរុញមួយគ្រឿងជូនពលរដ្ឋពិការជើងម្នាក់ ហើយបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលបានពីសប្បុរសជន ចែកជូនដល់ពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ៨ គ្រួសារនៅភូមិស្នួល ឃុំស្រឡៅផងដែរ។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោកអភិបាលស្រុក និងសហការីបន្តចុះពិនិត្យការងារបង្កបង្កើនផល និងចាត់ចែងដោះស្រាយបញ្ហាទឹកស្រោចស្រពជូនប្រជាកសិករ នៅលើទឹកដីឃុំស្រឡៅ ស្រុកតាំងគោកនេះហើយដែរ។
នៅថ្ងៃទី១២ ខែមិថុនា លោកបានចុះទៅចម្ការដំណាំ និងស្រែស្រូវរបស់ប្រជាកសិករនៅលើទឹកដីឃុំទ្រៀល ស្រុកតាំងគោក ដើម្បីពិនិត្យលើលទ្ធភាពជួយដោះស្រាយបញ្ហាទឹក និងទទួលយកសំណូមពរផ្សេងទៀតពីប្រជាពលរដ្ឋ។
សកម្មភាពរបស់លោកអភិបាលស្រុករូបនេះនៅមានច្រើនអន្លើទៀត ខណៈប្រជាពលរដ្ឋក្នុងស្រុកច្រើនណាស់បានទទួលស្វាគមន៍ និងពេញចិត្តចំពោះការបំពេញភារកិច្ចជាអភិបាលស្រុកដ៏រឹងមាំរូបនេះ ចំណែកលោកអភិបាលស្រុកវិញក៏បានប្ដេជ្ញានៅតែបន្តការងារ ភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត៕