ៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់ រដ្ឋបាលក្រុងស្រុកទាំង១២ ធ្វើការផ្សព្វផ្សាយនូវសារអប់រំជាសំឡេង ដល់ប្រជាពលរដ្ឋ តាមរយៈដងផ្លូវ ចំពោះគ្រួសារដែលមានសមាជិក ទើបវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងខេត្តសៀមរាប រួមនិងការបិទផ្សាយខិតបណ្ណអប់រំការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅតាមទីប្រជុំជន សាលាក្រុង-ស្រុក សាលាឃុំ-សង្កាត់ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិសុខភាពជាដើម។
តាមការឲ្យដឹងពីមន្ត្រីសាលាខេត្ត បញ្ជាក់ថា ខិតបណ្ណចំនួន ៥១០០បណ្ណ ដែលផ្ដល់ដោយក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានរួចរាល់ហើយ ក្រៅពីនោះក៏មានខិតបណ្ណអប់រំ ចែកជូនដល់ប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីជាសារ រំលឹកពីវិធីការពារខ្លួនពីជំងឺកូវីដ១៩។
លោក បានបញ្ជាក់បន្ថែមថា ក្រៅពីខិតបណ្ណអប់រំ អាជ្ញាធរមូលដ្ឋាន បានធ្វើការផ្សព្វផ្សាយសារជាសំឡេងនៅតាមដងផ្លូវ ក្នុងមូលដ្ឋានភូមិ ឃុំ-សង្កាត់ ក្នុងក្រុងស្រុកទាំង១២ លើសពីនោះមន្ត្រីសុខាភិបាល រួមនិងអាជ្ញាធរក្រុងស្រុក ក៏បាន ធ្វើការចុះផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹងពីស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីត១៩នៅកម្ពុជា ចៀងវាងការភន្តច្រឡំដោយសារព័ត៌មានមិនពិតនៅតាមបណ្ដាយសង្គម ដែលបានផ្សព្វផ្សាយបង្កចលាចលក្នុងសង្គមកម្ពុជា។
គួរជម្រាបថា ក្រៅពីការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងស្ថាប័ន រួមនិងអាជ្ញាធរមូលដ្ឋាននេះ នៅតាមវត្តអារាមមួយចំនួនក្នុងខេត្តសៀមរាប ក៏បានប្រារព្ធពិធីសាសនា ប្រកាសសូត្រធម៌ ប្រោះព្រំ ជូនប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យផ្លូវចិត្តពុទ្ធបរិស័ទ នៅតាមមូលដ្ឋានមានភាពនឹងនរ កុំមានការភ័យខ្លាច ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ជាហេតុនាំឲ្យជំងឺផ្សេងៗ អាចឆ្លងចូលក្នុងខ្លួនបានដោយងាយស្រួល។