អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST តភ្ជាប់ពីភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាចឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ ឯកឧ ត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការស្ថាបនានេះស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ លទ្ធផលសម្រេចបាន ៩០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងខែកក្ដដាខាងមុខនេះ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យការដ្ឋានជីកស្រះទឹកសហគមន៍ មួយកន្លែង ក្នុងចំណោមស្រះទឹកចំនួន ៥ កន្លែង ដែលមាន រៀបថ្មតាមជើងទេរ ទំហំ ៥០ ម៉ែត្រ x ៥០ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ ស្ថិតនៅភូមិប្រចាក់ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ៕