អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានជួបសំណេះសំណាលជាមួយសម្ព័ន្ឋក្រុមហ៊ុនចម្ការកៅស៊ូនៅខេត្តកំពង់ធំ

កិច្ចពិភាក្សានេះមានការអញ្ចើញពីឯកឧត្តមសុខ លូអភិបាលខេត្ត និងសម្ព័ន្ឋក្រុមហ៊ុនចម្ការកៅស៊ូ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ចាការកងកម្លាំងទាំង៣ នៅសាលាខេត្តកំពង់ធំ ព្រឹកចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។
ក្នុងនោះផងដែរ អភិបាលក្រុង/ស្រុកទាំង៩បានរាយការណ៍ពីលទ្ធផលដែលសម្រេចបានកន្លងមកពីសម្ព័ន្ឋក្រុមហ៊ុនចម្ការកៅស៊ូដែលធ្វើវិនិយោទុនជាមួយប្រជាពលរដ្ឋ ដើម្បីជួយផ្សព្វផ្សាយពីសារ:ប្រយោជន៍នៃការធ្វើកសិកម្ម ពិសេសសំណាំកៅស៊ូ ដែលធានាសុវត្ថិភាពទាំងការស្នាក់នៅជូនប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំងអស់នៅក្នុងខេត្តកំពង់ធំ ពេលធ្វើអ្វីមួយត្រូវផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលធ្វើការងារ។ ចំពោះអត្តសញ្ញាណប័ណ្ណ សូមឲ្យក្រុមហ៊ុនផ្តល់ដំណឹងចំនួនប៉ុន្មាននាក់ដែលត្រូវធ្វើ ត្រូវរាយការណ៍ដល់ក្រុមជំនាញឲ្យបានពិតប្រាកដក្នុងការរស់នៅប្រកបដោយភាពត្រឹមត្រូវ។ បញ្ហាគ្រឿងញៀន ប្រសិនបើមានការចែកចាយ និងប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ខ្លួនត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យប្រព្រឹតិ្តបន្តទៀត។
ឯកឧត្តមបានបន្តទៀតថា ចំពោះបញ្ហាសុខភាព សូមឲ្យមន្ទីរសុខាភិបាលចុះផ្សព្វផ្សាយពីអនាម័យ (ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) នៅតាមក្រុមហ៊ុន និងតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ពិសេសជំងឺ Covid-19 (ខូវិដ១៩) ដែលកើតឡើងថ្មីៗកំពុងរីករាលដាលនៅលើពិភពលោកយើងនេះត្រូវមានវិធានការព្យាបាលឲ្យបានទាន់ពេលវេលា។ ក្រុមហ៊ុនទាំងអស់ត្រៀមរបាយការណ៍សម្រាប់រាយកាណ៍មករដ្ឋបាលខេត្តដើម្បីធ្វើការបូកសរុបប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ធ្វើការប្រជុំខែបន្ទាប់ៗទៀត។
ឆ្លៀតក្នុងឱកាសនេះ តំណាងសម្ព័ន្ឋក្រុមហ៊ុនចម្ការកៅស៊ូបានសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ស្នើឲ្យកងកម្លាំងទាំង៣ជួយការពារនៅចម្ការកៅស៊ូ ព្រោះសំបូរអ្នកលួចជ័រកៅស៊ូ។ ត្រៀមឡានទឹកសម្រាប់ជួយពេលមានភ្លើងឆេះព្រៃ ពេលរីករាលដាលដល់ក្រុមហ៊ុនកៅស៊ូ គ្មានអ្វីជួយពន្លុតនោះទេ។បញ្ហាគ្រឿងញៀន អាវុធកែច្នៃ បញ្ហាសន្តិសុខ សូមឲ្យចុះបង្ក្រាបជាបន្ទាន់។