បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
…………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងប្រជាជន ដូចតទៅ៖

ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានពន្យល់បំភ្លឺចំពោះអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋអំពីវិធានការចំពោះការហូរចូលទំនិញថៃមកកម្ពុជាដោយសម្តេចបញ្ជាក់ច្បាស់ៗថា៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។ ប៉ុន្តែ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាស ជាពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ឬត្រូវច្បាប់ ពីព្រោះផ្លូវទឹក (តាមកំពង់ផែសមុទ្រ) និងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២ (កម្ពុជា-ថៃ) នៅដំណើរការជាធម្មតា។

សម្តេចតេជោ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចថា ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះបើព្រំដែនគោកបិទហើយ ទំនិញមិនអាចនៅតែចូលបាននោះឡើយ និងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកដែលលក់មិនទាន់អស់ ពីព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ខណៈដែលព្រំដែនគោកត្រូវបានភាគីថៃបិទតាំងពី ១ឆ្នាំមុនមកម្ល៉េះ។ ដូច្នេះ ហេតុអ្វីបានជាទំនិញថ្មីមានលើទីផ្សារកម្ពុជា? ម្យ៉ាងទៀតប្រសិនបើទំនិញនោះពិតជាសល់មែន ក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ សម្តេចតេជោបញ្ជាក់ថា អ្នកប្រើប្រាស់គឺជាចៅហ្វាយ សូមកុំមានប្រាក់ទិញហើយ ទុកឱ្យគេមើលងាយ ទាំងសាមីខ្លួន ទាំងជាតិសាសន៍។ នេះគឺជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចប្រមុខរដ្ឋស្តីទី ដើម្បីដាស់ស្មារតីអាជ្ញាធរនិងប្រជាពលរដ្ឋខ្មែរ។

ទី២៖ កម្ពុជា-វៀតណាម បានឯកភាពនិងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ការឯកភាពបែបនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសដែលសម្តេចមហាបវរធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ដោយឡែក ក្នុងសុន្ទរកថាគន្លឹះថ្លែងក្នុង «វេទិកាអនាគតរបស់អាស៊ានលើកទី៣» នៅទីក្រុងហាណូយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់លើសន្តិភាពក្នុងតំបន់ ជាពិសេសភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការព្រួយបារម្ភរបស់កម្ពុជាអំពីស្ថានភាពលើដីជាក់ស្តែង។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា បទឈប់បាញ់រវាងប្រទេសទាំងពីរនៅបន្តមាន ប៉ុន្តែ វាកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។ កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែង នៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។

សម្តេចធិបតីសង្កត់ធ្ងន់ថា ព្រំដែននិងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (faits accomplis) ឡើយ។ ហេតុដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ សម្តេចធិបតី បានបញ្ជាក់ថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។

ទី៣៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគាំទ្រជំហររបស់រាជរដ្ឋាភិបាលដោយបញ្ជាក់ថា ការប្រកាន់យកដំណោះស្រាយដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវដោយយោងតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងស្របតាមអ្វីដែលសហគមន៍អន្តរជាតិចង់បាន។ ម្យ៉ាងទៀត ការផ្ទុះអាវុធនឹងបង្កសោកនាដកម្មធំធេងហើយក៏មិនអាចដោះស្រាយបញ្ហាព្រំដែនបានដែរ។ ប្រសាសន៍របស់សម្តេចតេជោបានធ្វើឡើងក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកជាង ២ ៨០០ គ្រួសារក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចប្រមុខរដ្ឋស្តីទី បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវធ្វើជារដ្ឋដែលគោរពច្បាប់ ហើយសម្តេចសង្ឃឹមថា ភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀង ពិសេសចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងឱ្យបានឆាប់បំផុត។ ពាក់ព័ន្ធនឹងការបើកច្រកព្រំដែន សម្តេចតេជោ ក៏បានបញ្ជាក់ច្បាស់ៗថា កម្ពុជាគ្មានការចាំបាច់ដែលត្រូវនិយាយពីបញ្ហានេះទៀតឡើយ ហើយប្រជាពលរដ្ឋខ្មែរក៏មិនចាំបាច់ទន្ទឹងរង់ចាំការបើកព្រំដែននោះដែរ។ ផ្ទុយទៅវិញ ការគាំទ្រផលិតផលក្នុងស្រុកគឺជារឿងដែលត្រូវធ្វើ។

សម្តេចតេជោ បានដាក់ឈ្មោះភូមិដែលរាជរាជរដ្ឋាភិបាលផ្តល់ជាជម្រកបណ្តោះអាសន្នជូនជនភៀសសឹកថាជា «ភូមិរង់ចាំ» ពីព្រោះទោះបីជារាជរដ្ឋាភិបាលផ្តល់ជូនផ្ទះសម្បែងជូនបងប្អូនជនភៀសសឹករស់នៅក៏ពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបោះបង់ចោលការទាមទារដីរបស់កម្ពុជាមកវិញជាដាច់ខាត ហើយក្រោយពេលទាមទារដីបានមកវិញ រាជរដ្ឋាភិបាលក៏នៅតែប្រគល់ផ្ទះបណ្តោះអាសន្ននេះជូនពលរដ្ឋភៀសសឹកដដែល។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានប្រកាសថា ដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនេះ គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ហើយសម្តេចបានស្នើឱ្យបក្សប្រឆាំងដែលតែងតែញុះញង់ឱ្យប្រើកម្លាំង សូមឱ្យពួកគេដាក់ចេញគោលនយោបាយអំពីរឿងនេះ។

ទី៤៖ ឆ្លើយតបនឹងការផ្សាយព័ត៌មានមិនពិតពីប្រទេសថៃ ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ក៏បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។ ប្រមុខការពារជាតិកម្ពុជាសង្ឃឹមថា ភាគីទាំងពីរអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា៕