បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦

…………………….

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាល ជូនជនរួមជាតិជ្រាបដូចតទៅ៖

ទី១៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញនាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ បេសកកម្មនេះ ទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។

ក្របខ័ណ្ឌនយោបាយនិងការទូត៖ តាមរយៈជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជាមួយឯកឧត្តម Xi Jinping ប្រធានាធិបតីចិននិងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Li Qiangនាយករដ្ឋមន្រ្តីចិន ប្រមុខថ្នាក់ដឹកនាំចិននិងកម្ពុជា  បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងកាន់តែស៊ីជម្រៅរវាងកម្ពុជានិងចិន។

ជាក់ស្តែង ប្រទេសទាំងពីរ បាន ផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្មនៅគ្រប់កម្រិតនិងគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខឥតឈប់ឈរ។ ចិននិងកម្ពុជាជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា គឺជាអាទិភាពនៃការទូតរបស់ចិន ខណៈដែលកម្ពុជាបញ្ជាក់ជំហរច្បាស់លាស់ ដោយបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ។ សម្តេចធិបតី គូសបញ្ជាក់ថា កម្ពុជានឹងបន្តសហការជាមួយចិនក្នុងការបង្ក្រាបនិងបោសសំអាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងទំនុកចិត្ត ជាពិសេសរវាងប្រជាជននិងប្រជាជន។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សានិងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន វិស័យនយោបាយ-ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ថាមពលបៃតង កសិកម្ម ការពារជាតិនិងសន្តិសុខ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ជាពិសេស ទេសចរណ៍ និងការរអប់រំ។ កម្ពុជា-ចិន ប្រកាសរួមគ្នាដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ (រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ) ទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ ៣+៣ ដោយបន្ថែមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិខាងចិនទៅក្នុងកិច្ចសន្ទនានោះ។

ក្របខ័ណ្ឌការទូតសេដ្ឋកិច្ចវិញ ក្នុងរយៈពេលយ៉ាងខ្លី សម្តេចធិបតី បាន ទទួលជួបតំណាងក្រុមហ៊ុនធំៗ និងឈានមុខក្នុងប្រទេសចិន ដល់ទៅ១៩ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែ បានសម្តែងការចាប់អារម្មណ៍លើសក្តានុពល និងការអភិវឌ្ឍន៍របស់កម្ពុជាដែលធ្វើឱ្យពួកគេ មានទំនុកចិត្ត និងស្វែងរក ការ បោះទុនវិនិយោគ ឬពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ទាំងនេះគឺជាសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក្នុងនាមជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអភិក្រមនៃនយោ បាយ ការទូត«ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» និង«ការទូតសេដ្ឋកិច្ច»។ លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនដែលភ្លេចឡើយអភិក្រមដ៏សំខាន់មួយទៀត គឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទដែលកងកម្លាំងថៃ កំពុងបំពានលើបូរណភាពទឹកដីកម្ពុជាមួយចំនួន នៅតាមព្រំដែន។

ទី២៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូឧត្តមមន្ត្រីអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៨ ដល់២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីនក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា”។ កិច្ចប្រជុំនេះ ផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សា និងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ហើយក៏ផ្តល់ឱកាសដល់អាស៊ាននិងដៃគូខាងក្រៅផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការកើនឡើងទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងការវិវត្តយ៉ាងឆាប់រហ័ស។

បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងអញ្ជើញចូលរួមប្រារព្ធខួបលើកទី៥០នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបានដើរតួនាទីជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើច្បាប់ និងគូសបញ្ជាក់ឡើងវិញនូវគោលការណ៍ដ៏យូរអង្វែង របស់អាស៊ាន ក្នុងទិដ្ឋភាពតំបន់និងពិភពលោកដែលកំពុងបន្តវិវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំផ្សេងទៀតក្រោមក្របខ័ណ្ឌមេគង្គ និងសន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន។ ប្រមុខការទូតកម្ពុជាក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីនានាដើម្បីជំរុញ និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕