បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
…………………….

ថ្ងៃនេះ អ្នកនាំរាជរដ្ឋាភិបាលកម្ពុជា សូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាលចែកជូនជនរួមជាតិជ្រាបដូចតទៅ៖

ទី១. កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាងកម្ពុជានិងចិនដែលបានបើកធ្វើកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលមានរដ្ឋមន្ត្រីការបរទេស និងការពារជាតិ នៃប្រទេសទាំងពីរ ជាសហប្រធានបានបិទបញ្ចប់ទៅដោយទទួលបានលទ្ធផលដ៏កក់ក្តៅ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រកបដោយមហិច្ឆតា ដែលបង្ហាញពីភាពធន់ និងភាពចាស់ទុំកាន់តែខ្លាំងឡើង និងបានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំរវាងកម្ពុជានិងចិន ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។

ភាគីទាំងពីរបានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយនិងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងពិភពលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។

សម្រាប់ពេលអនាគត កម្ពុជានិងចិនបានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពលរួមមាន បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ។

ដោយឡែក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាឱកាសទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារពីឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន មិនប្រែប្រួលឡើយ។ ចំណែកប្រមុខការទូតចិនបានចាត់ទុកសម្តេចតេជោជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម វ៉ាង យី បានរម្លឹកប្រសាសន៍ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ថា មិត្តភាពដែកថែបរវាងកម្ពុជា-ចិន មិនមែនមានតែឈ្មោះទេ ប៉ុន្តែ គឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។

ទី២. ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយរវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។

កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ទី៣. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការការពារមាតុភូមិដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។

ទី៤. នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេច ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ៕

សូមអរគុណ!