សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុងការតាមដានឱ្យជាប់ជាប្រចាំ និងការដោះស្រាយឱ្យបានទាន់ពេល ក្នុងករណីដែលមានគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យភាគីពាក់ព័ន្ធមានដូចជា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់នានា ដើម្បីធ្វើការអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យជាប់ជាមួយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសមស្រប ជាមួយនឹងការត្រៀមកម្លាំង និងមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងបរិក្ខារចាំបាច់ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានឱ្យជាប់ជាប្រចាំអំពីការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ និងដែលចាំបាច់ត្រូវជួយស្ដារឡើងវិញ៕