អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

វគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង

ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្វាយរៀងចំនួនជាង២៥០នាក់។

ពិធីនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីសាលាខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោកលោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ ប្រមាណជាង២៥០នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាព និងគុណធម៌ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.ពង្រឹងការយល់ដឹងពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងទី៥.ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិប្រកបដោយការរីកចម្រើនចីរកាល។ 

សូមជម្រាបថា ខេត្តស្វាយរៀង គឺជាខេត្តទី២ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ»៕