រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ពីលោក នាយក នាយករង រដ្ឋបាល សាលាខេត្ត លោក លោកស្រី នាយក នាយរង ទីចាត់រដ្ឋបាល សាលាខេត្ត រួមនឹង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា តាមរយៈរបាយការណ៍វឌ្ឍនភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលក្រុមការងារ បានអនុវត្តនាពេលកន្លងមក គឺទទួលលទ្ធផលល្អប្រសើរ គួរអោយកោតសរសើរ ប៉ុន្តែត្រូវតែបន្តចុះអប់រំ និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបង្ការ និងទប់ស្តាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ឱ្យបានដូចភ្លៀងរលឹម ព្រោះជំងឺនេះនៅពុំទាន់មានថ្នាំព្យាបាលនៅឡើយ។
ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់ចុះអប់រំណែនាំ នៅតាមមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ត្រូវមានអនាម័យ រក្សាគំលាតសង្គម តាមការណែនាំ របស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ជាពិសេស យុទ្ធនាការប្រយុទ្ធ និងបន្តការពាររលកទី ២ នៃការចម្លងវីរុស កូវីដ-១៩ ក្នុងប្រទេសកម្ពុជា ៕