អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ននាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តជូនប្រជាពលរដ្ឋ រងគ្រោះប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងស្រុកដងទង់ខេត្តកំពត

នៅព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉នអ្នកតំណាងរាស្ត្រមណ្ឌលកំពតប្រ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតដែលបានអមដំណើរដោយឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្ត ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវលោក លោកស្រី សមាជិក សមាជិកា សភាមណ្ឌលកំពត និងរាជរដ្ឋាភិបាល និង សមាជិក សមាជិកាសាខា អនុសាខា ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរ ក្រុម ស្រុក ក្នុងខេត្ត។ បានអញ្ជើញនាំ អំណោយ មនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត មានគ្រឿងឧបភោគបរិភោគនិងថវិកា ដើម្បីជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែង ចំនួន១២១គ្រួសារ មកពីឃុំចំនួន៤ក្នុងស្រុកដងទង់ខេត្តកំពត។
មានប្រសាសន៍ សំណេះសំណាលឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន បានពាំនាំតាមរយៈប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេច តេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាការសាកសួរសុខទុក្ខនឹករលឹក ដោយការអាណិតអាសូរនិងសោកស្ដាយជាមួយប្រជាពលរដ្ឋចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រក់។តាមរយៈការផ្តាំផ្ញើសាកសួរសុខទុក្ខនេះសម្ដេចទាំងទ្វេរ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់រូបជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ប្រការ ពិសេសជៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ។ ដែលជានិច្ចកាលគ្រប់កាលៈទេសៈប្រជាពលរដ្ឋនិងប្រទេសជាតិជួបការលំបាក សម្ដេចទាំងទ្វេតែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនរើសអើងឬទុកចោលឱ្យស្លាប់ដោយសារអត់ស្បៀងអាហារ ដោយមិនបានជួយដោះស្រាយឡើយ។
ពាក់ព័ន្ធនឹងការ បង្ការទប់ស្កាត់ការរីករាតត្បាតជំងឺឆ្លងកូវីដ១៩ ឯកឧត្តមអ្នកតំណាងរាស្រ្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូម ប្រុងប្រយ័ត្ននិងចូលរួមអនុវត្តនូវ វិធានការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ ដោយប្រកាន់ភ្ជាប់នូវវិធានការ អនាម័យល្អ រស់នៅស្អាត ហូបស្អាតផឹកស្អាតឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ។
ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉ន ក៏បានណែនាំផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដោយបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននាពេលនេះ គឺគ្រាន់តែជួយរំលែកការលំបាកខ្វះខាត តែមួយគ្រាតែប៉ុណ្ណោះ ។ ដូច្នេះសូមបងប្អូនយកចិត្តទុកដាក់់ជម្រុញ ការងារបង្កបង្កើនផលកឲ្យបានទាន់រដូវកាលបន្ថែមទៀត ដើម្បីធានាបានសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងគ្រួសារនិងសហគមន៍។
អំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង១២១គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ អំបិល២គីឡូ ទឹកសុទ្ធ១យួរ ទឹកក្រូច១កេស ម្រេចម៉ដ្ឋ១កញ្ចប់តូច។ ដោយឡែកក្នុងនោះអំណោយថវិកា សប្បុរសជនរបស់លោកឧកញាខូវគឹមបាក់ និង ជំទាវ លឹម ហ្សាក់គឺលីនផ្ដល់ជូនតាមរយៈឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉ន សម្រាប់គ្រួសាររលំផ្ទះចំនួន១៣គ្រួសារ ក្នុងមួយគ្រួសារជូនថវិកា៥០ម៉ឺនរៀល គ្រួសារខូចខាតផ្ទះមធ្យមចំនួន៨៤គ្រួសារមួយគ្រួសារថវិកា១០ម៉ឺនរៀល និងគ្រួសារប៉ះពាល់តិចតួចចំនួន ២៤គ្រួសារ ក្នុងមួយគ្រួសារថវិកា៥ម៉ឺនរៀល។
និងជូនថវិកាដល់យុវជនកាកបាទចំនួន១១នាក់ អ្នកស្ម័គ្រចិត្តកាកបាទ៥នាក់ ប្រជាការពារ១៥ នាក់កងកម្លាំងប្រដាប់អាវុធ ៥១នាក់ក្នុងម្នាក់ៗថវិកាចំនួន៤ ម៉ឺនរៀលស្មើគ្នា។
-សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២៥ខែមេសាឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ មានឃុំចំនួន៤ក្នុងស្រុកដងទង់ខេត្តកំពត បានរងនូវខ្យល់កន្ត្រាក់ ដែលបណ្ដាលឱ្យរងផលប៉ះពាល់ ខូចខាតទ្រព្យសម្បត្តិផ្ទះសំបែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ក្នុងនោះខូចខាត រលំទាំងស្រុងចំនួន១៣ខ្នង ខូចខាតមធ្យម៨៤ខ្នងនិងប៉ះពាល់តិចតួច២៤ ខ្នង ដែលបញ្ហានេះអាជ្ញាធរមានសមត្ថកិច្ចបានកំពុងយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ។

Loading