ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
………………………………..
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ។
ទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នា គឺនៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះ ផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU-2000)។
រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងនេះ មិនត្រឹមតែនៅក្នុងតំបន់ដែលបានលើកឡើងខាងលើនោះទេ ប៉ុន្តែថែមទាំងនៅទីតាំងផ្សេងទៀត ដែលកងកម្លាំងប្រដាប់អាវុធថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ២០២៥មក។ កម្ពុជាសូមបញ្ជាក់ថា ការបន្ថយភាពតានតឹង គឺជាកត្តាចាំបាច់ដើម្បីជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងជួយសម្រួលដល់ដំណោះស្រាយប្រកបដោយសន្តិវិធី និងយូរអង្វែងនៃជម្លោះព្រំដែន ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។
ទី២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការនៅគ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះមានសារៈសំខាន់ដើម្បីបញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងប្រឆាំងជំទាស់ជាដាច់ខាតនូវការរំលោភឈ្លានពាន។ ឯកសារតវ៉ាជាផ្លូវការនេះក៏មានតម្លៃគតិយុត្តមិនអាចខ្វះបានដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងជួយរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានរហូតទាល់តែមានដំណោះស្រាយជាស្ថាពរ។
ទី៣៖ ទន្ទឹមនឹងការតវ៉ានេះ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក៏បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជូនប្រធាន និងតំណាងប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន៤២រូប។ បទបង្ហាញនេះធ្វើឡើងក្នុងគោលបំណងបង្ហាញព័ត៌មានពិតជូនដល់អ្នកការទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជាឱ្យបានជ្រាបដោយផ្ទាល់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ។
ក្រៅពីធ្វើបទបង្ហាញជាញឹកញាប់នៅឯទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែសម្របសម្រួលឱ្យអង្គទូត និងតំណាងអង្គការអន្តរជាតិទាំងនោះទៅទស្សនកិច្ចដោយផ្ទាល់នៅទីតាំងដែលកងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀត។ ចំណែកក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាក៏តែងតែសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជាថៃជាញឹកញាប់ដែរ។ ពួកគេគឺជាសាក្សីផ្ទាល់ភ្នែកដ៏សំខាន់ចំពោះអ្វីដែលបានកើតឡើង។
ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនសាធារណជនជ្រាបជាថ្មីម្តងទៀតអំពីជំហរម៉ឺងម៉ាត់ និងឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនថា៖ ក្នុងនាមប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕