សេចក្តីព្រាងក្របខ័ណ្ឌនេះ ចែកចេញជា ៩ជំពូក និងមានគោលបំណងគាំទ្រ និងជំរុញដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ តាមរយៈការដ្ឋានការងារ ចំនួន ៣ រួមមាន ១. ការកសាងមូលដ្ឋានគ្រឹះសម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ២. ការផ្តល់ជាគោលការណ៍ណែនាំដើម្បីផ្សារភ្ជាប់យុទ្ធសាស្ត្របញ្ចកោណទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការចង្អុលបង្ហាញអាទិភាពគោលនយោបាយ និងជាយុទ្ធសាស្ត្រដល់ក្រសួង ស្ថាប័ន សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍អន្តរវិស័យនិងតាមវិស័យ និងការផ្តល់មូលដ្ឋានសម្រាប់ការរៀបចំផែនការ និងការវិភាជន៍ថវិកាជាតិ និង ៣. ការផ្តល់អនុសាសន៍សម្រាប់តម្រង់ទិស និងកែសម្រួលគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យ ផែនការតាមវិស័យ និងយន្តការអនុវត្តរបស់គ្រប់ក្រសួង ស្ថាប័ន។
ដើម្បីដំណើរការរៀបចំក្របខ័ណ្ឌនេះប្រកបដោយគុណភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជោគជ័យខ្ពស់ គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (គ.យ.ប.) ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការលើយន្តការដឹកនាំសម្របសម្រួល និងយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយបានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ទាំងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ កិច្ចប្រជុំអន្តរក្រសួងទាំងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ កិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំ គ.យ.ប. ជាច្រើនលើក ក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់នានា ដើម្បីកែលម្អការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសលើការសម្រិតសម្រាំងសូចនាករសមិទ្ធកម្មគន្លឹះ ដែលមានលក្ខណៈយុទ្ធសាស្ត្រ និងកែទម្រង់សម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកិច្ចការដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ កម្មវិធីគោលនយោបាយអាទិភាព និងវិធានការអន្តរាគមន៍នានា។ សេចក្តីព្រាងក្របខ័ណ្ឌនេះ បានចំណាយពេលជាង ៨ខែ ជាលទ្ធផលនៃកិច្ចការនេះត្រូវបានទទួលការវាយតម្លៃខ្ពស់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តាដៃគូអភិវឌ្ឍនានា៕