រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំដោះជីវិតខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន គេស្រែកថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ? ទាល់តែកើតសង្គ្រាមកាប់សម្លាប់គ្នាបង្កវិនាសកម្មផ្តាច់ផ្តិលជីវិតមនុស្សស្ទើរមិនលស់ថ្ងៃដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចសព្វថ្ងៃទើបហៅថាស្ថានភាពសិទ្ធិមនុស្សដើរទៅមុខឬ? កម្ពុជាឈានឆ្ពោះទៅមុខជានិច្ចមិនបែរថយក្រោយឡើយ។
គ្រាន់តែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមនុស្សមួយក្តាប់តូចដែលប៉ុនប៉ងបង្កចលាចលសង្គម និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បែរជាស្រែកថាព្រួយបារម្ភនិងថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស?
តើគេចង់ឱ្យខ្មែររស់ក្នុងសន្តិភាពឬក្នុងភ្លើងសង្គ្រាម? តើប្រទេសណាមានលំហសម្រាប់មនុស្សបំពានច្បាប់?
គ្រាន់តែដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃអ្នកសារព័ត៌មាន គេបែរទៅជាជំទាស់និងសម្តែងការព្រួយបារម្ភ ខណៈដែលអ្នកបង្កើតនិងបង្ហោះព័ត៌មានក្លែងក្លាយ ប្រឌិត ញុះញង់ពេញបណ្តាញសង្គម និងអ្នកជេរប្រមាថថ្នាក់ដឹកនាំ និងប្រមាថព្រះមហាក្សត្រយ៉ាងអសីលធម៌បំផុតបែរជានាំគ្នាការពារទៅវិញ? តើគេចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈនិងផ្តល់ព័ត៌មានពិតឬចង់ឱ្យមនុស្សចេះតែភាសាញុះញង់ ប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់?
សូមប្រជាពលរដ្ឋខ្មែរពិចារណាដើម្បីយល់ទាំងអស់គ្នា ហើយរួមគ្នាកសាងប្រទេសជាតិយើងឱ្យបានរីកលូតលាស់ទៅមុខជានិច្ចក្រោមម្លប់សុខសន្តិភាពដែលរកបានដោយលំបាកលំបិនបំផុត។
អរគុណស្ថាបនិកនិងប្រតិបត្តិករសន្តិភាព។ អរគុណនយោបាយឈ្នះឈ្នះដែលអនុញ្ញាតឱ្យយើងមានអ្វីៗថ្ងៃនេះ និងកំពុងសម្លឹងឆ្ពោះទៅអនាគតដ៏រុងរឿងនាឆ្នាំ ២០៥០ តទៅស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕
អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល