ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ និយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។
កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ«មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែ សន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារតម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជា ជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែងដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ។ ក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថាស្ពានភ្លោះ។
បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស គឺជាការចាំបាច់ ជាពិសេសនៅត្រង់ចំណុចប្រសព្វធំៗ។ នៅកន្លែងខ្លះ ស្ពានអាកាសមួយជាន់មិនគ្រប់គ្រាន់ទេ តែត្រូវការស្ពានអាកាសពីរឬបីជាន់ឯណោះទើបអាចដោះស្រាយបញ្ហាចរាចរណ៍បាន។ ជាក់ស្តែង ស្ពានអាកាសមរតកតេជោត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គឺជាឧទាហរណ៍ស្រាប់។ ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាច្រើនទៀតនឹងលេចរូបរាងនាពេលខាងមុខ។
សន្ទុះនៃការអភិវឌ្ឍលឿនរហ័សបែបនេះកើតឡើងដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដែលជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ សមិទ្ធផលទាំងឡាយដែលបង្ហាញខ្លួនចំពោះមុខយើងគ្រប់គ្នានាពេលនេះ មិនដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រអតីតកាលរបស់ប្រទេសកម្ពុជា។
ឥឡូវនេះ យើងសាកស្រមៃទៅឆ្នាំ២០៥០ ខាងមុខ ពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តើភាពសម្បូរសប្បាយនិងសមិទ្ធផលថ្មីៗផ្សេងទៀតនឹងលេចរូបរាងច្រើនស្អេកស្កះយ៉ាងណា? មានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្គាល់ភាពអស្ចារ្យ មានក្តីសង្ឃឹម និងមោទនភាពជាតិពិតប្រាកដ៕
អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល