អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែឧសភាឆ្នាំ ២០២០ តាមរយៈតភ្ជាប់រូបភាពនិងសំឡេង (video conference )

រដ្ឋបាលខេត្តកំពតនៅ ព្រឹកថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែឧសភាឆ្នាំ ២០២០តាមរយៈតភ្ជាប់រូបភាពនិងសំឡេង (video conference ) ក្រោមធិបតីភាពដឹកនាំកិច្ចប្រជុំឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំផ្ដោតសំខាន់ លើការពិនិត្យពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែឧសភា កន្លងទៅនិងការងារបន្តចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានានៅសេសសល់ ខ្វះខាតដែលនឹងត្រូវបំពេញបន្ថែម រួមមានការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាតសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយអភិបាលខេត្តបានកោតសរសើរវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកក្នុងខេត្ត បានយកចិត្តទុកដាក់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរនារយៈពេលកន្លងមក។
ទន្ទឹមនឹងនោះឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានក្រើនរំលឹកជម្រុញដល់បណ្ដាំមន្ទីរអង្គភាពជំនាញអាជ្ញាធរក្រុងស្រុក ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតឲ្យបានផុសតាមដែនសមត្ថកិច្ចជំនាញរបស់ខ្លួនរៀងៗខ្លួន។
ក្នុងឱកាសនោះដែរឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែនីមួយៗគឺពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ពីបណ្ដាមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុកនីមួយៗពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះខាតសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ។
ពាក់ព័ន្ធនឹងលទ្ធផលការងារឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា នារយៈពេលកន្លងមក បញ្ហាប្រឈមនិងដំណោះស្រាយដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកសម្រេចបាននៅខ្វះចន្លោះនៅមិនទាន់បានធ្វើការវាយតម្លៃឲ្យបានជាក់លាក់អំពីវឌ្ឍនភាពការងារនៅក្នុងរបាយការណ៍របស់ខ្លួននៅឡើយ គឺនៅមានភាពខ្វះចន្លោះ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកត្រូវតែកែទម្លាប់បំពេញបន្ថែម ដែលស្នើសុំឱ្យ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុកក្នុងខេត្តទាំងអស់ពិនិត្យលើបញ្ហានេះឡើងវិញនៅក្នុង របាយការណ៍នៃលទ្ធផលការងាររបស់ខ្លួនឲ្យបានជាក់លាក់ ថាតើសម្រេចលទ្ធផលបានប៉ុន្មានភាគរយ ហើយនៅសល់ប៉ុន្មានភាគរយទៀត ដែលជាមូលដ្ឋានសម្រាប់ទិសដៅដើម្បីដោះស្រាយនិងចំណាត់ការបន្តអោយមានប្រសិទ្ធភាពតទៅមុខទៀត។ បើមិនធ្វើដូច្នោះទេបញ្ហាប្រឈមនិងដំណោះស្រាយគ្រាន់តែនិយាយជារួម ប៉ុន្តែយើងមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់មានន័យថាយើងអត់មានវឌ្ឍនភាព ស្មើនឹងមិនបានធ្វើការងារជំនាញរបស់ខ្លួន។

Loading