អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកការដ្ឋានសាងសង់ទីទួលសុវត្ថិភាពយាយទេព នៅទល់មុខវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ពិធីបើកការដ្ឋានសាងសង់ទីទួលសុវត្ថិភាព ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំង ពិធីនេះប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាសង្កាត់ផ្សារឆ្នាំងចូលរួមផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ គម្រោងសាងសង់ទីទួលសុវត្ថិភាពនេះ ក្នុងគោលបំណងសំខាន់ គឺសម្រាប់សង្គ្រោះជីវិតមនុស្សនិងសត្វ នៅពេលដែលមានគ្រោះមហន្តរាយដូចជាទឹកជំនន់ និងគ្រោះធម្មជាតិជាយថាហេតុផ្សេងៗទៀត។ ជាពិសេសមានការរៀបចំនូវសោភ័ណភាពមួយចំនួនទៀតនៅលើទីទួលនេះ ដើម្បីអោយក្លាយទៅជាតំបន់ទេសចរណ៍មួយយ៉ាងប្រសើរនាពេលអនាគត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ឱ្យដឹងថាៈ ទីទួលសុវត្ថិភាពយាយទេពនេះ មានទីតាំងមុខវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង លើផ្ទៃដី ៣ ហិកតា ត្រូវចាក់ដីបំពេញ ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង ចំណាយថវិការាជរដ្ឋាភិបាល ក្នុងគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ៈ ក្នុងពិធីនោះមានសូត្រមន្តបន់ស្រន់សុំសេចក្តីសុខក្នុងដំណើរសាងសង់ ប្រគេនទេយ្យទានដល់ព្រះចំនួន ៩ព្រះអង្គ និងប្រលែងសត្វផងដែរ ៕