(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីទទួលស្គាល់អំពីការខិតខំរៀនសូត្ររហូត ទទួលបានជោគជ័យរបស់ពួកគេ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យដ៏ចំណាស់ និងមានគុណភាពធំមួយរបស់កម្ពុជា ដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារាប់ម៉ឺននាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងពីបទពិសោធន៍នៃការហាត់ប្រាណរបស់សម្តេចនៅសព្វថ្ងៃនេះ ទៅថ្ងៃមុខសម្តេចអាចក្លាយទៅជាគ្រូបង្ហាត់ ពីការហាត់ប្រាណដើម្បីសុខភាព ដើម្បីបញ្ចុះគីឡូ និងសម្រកក្បាលពោះ។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានដើរហាត់ប្រាណជិត១០គីឡូ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រោះតែមើលឃើញពីតម្លៃនៃការកសាងសមត្ថភាពធនធានមនុស្សនេះហើយ ទើបរាជរដ្ឋាភិបាលបានបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ ហើយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ចាប់តាំងពីក្រោយថ្ងៃរំដោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែពេញចិត្តចំពោះការសម្រេចចិត្តរបស់សម្តេចក្នុងការបើកឱកាសឱ្យវិស័យឯកជនជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលការសម្រេចចិត្តនេះបានធ្វើមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយយោងទៅតាមទិន្នន័យនិស្សិតបញ្ចប់ការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ គឺបានបង្ហាញប្រជាពលរដ្ឋកម្ពុជាស្រេកឃ្លានការចេះដឹងខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាចំណុចល្អមួយ គួរជាទីមោទនភាព។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទូចអំពាវនាវឱ្យរួមគ្នាបន្ថែមទៀតក្នុងការអភិវឌ្ឍន៍លើសមត្ថភាពនេះ ដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកនេះ មិនមានប្រទេសណាមួយអាចកាត់បន្ថយគម្លាតនៃការមានបានរបស់ប្រជាពលរដ្ឋបាននោះទេ។ មានតែរបបខ្មែរក្រហមប៉ុណ្ណោះ ដែលអាចធ្វើបែបនេះបាន ហើយចុងក្រោយប៉ុលពត បានកាត់កម្មសិទ្ធិមនោសញ្ចេតនាក្នុងគ្រួសារថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាដែលមានវណ្ណៈកណ្តាលមានការកើនឡើង ហើយបានរួមចំណែកដល់ការកសាងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចកាត់បន្ថយគម្លាតទ្រព្យសម្បត្តិបាន ប៉ុន្តែគេអាចកាត់បន្ថយគម្លាតបញ្ញាបាន ពោលបើផ្តល់ឱកាសដល់ការបណ្តុះបណ្តាលឱ្យមានភាពស្មើគ្នា នោះកូនអ្នកមាន និងកូនអ្នកក្រ គឺអាចទទួលបានការចេះដឹងដូចគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេះដឹងរបស់ប្រជាពលរដ្ឋក្នុងប្រទេសជឿនលឿនមួយចំនួនមិនប្រាកដថា ខ្លាំងជាងប្រជាពលរដ្ឋកម្ពុជានោះទេ។ ក្នុងនោះមានបញ្ហាបច្ចេកទេសមួយចំនួន គឺប្រជាពលរដ្ឋនៅក្នុងប្រទេសជឿនលឿននោះ មកយកពីកូនខ្មែរនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចុងឆ្នាំ២០១៩នេះ នឹងមានក្រុមបេសកកម្មពិសេសមួយចុះទៅសិក្សាស្រាវជ្រាវប្រទេសទីម័រ ដើម្បីពិនិត្យមើលថា តើមានលទ្ធភាពអាចចូលជាសមាជិកអាស៊ានបានដែរឬអត់?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសទីម័រ គឺមានលទ្ធភាពគ្រប់គ្រាន់ហើយសម្រាប់ចូលជាសមាជិកអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងល្អណាស់ចំពោះការប្រារព្ធពិធីរំលឹកគុណគ្រូ។ សម្តេចតេជោ បានថ្លែងថា គ្រូជាអ្នកធ្វើឱ្យសិស្សក្លាយជាអ្នកចេះដឹង និងមានបាន។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើនថវិកាដល់បណ្ណារក្សនៅបណ្ណាល័យរបស់សម្តេចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដល់ ៥លានរៀលក្នុងមួយខែ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភថា បច្ចេកវិទ្យាកាន់តែទំនើបនាំឱ្យមនុស្សកាន់តែខ្ជិលសរសេរ ខ្ជិលអាន។ សម្តេចតេជោចង់ឱ្យពង្រឹងនូវការអាននេះ ហើយធ្វើឱ្យការអាននេះក្លាយទៅជាការនិយមមួយរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដូវវស្សាចូលមកដល់បានធ្វើឱ្យកម្ពុជាផុតកង្វល់នៃការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខ្វះខាតទឹកនាំឱ្យប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនីនៅឆ្នាំនេះ បានក្លាយជាបទពិសោធន៍ដ៏ធំសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មិនមានករណីកាត់ភ្លើងនៅមន្ទីរពេទ្យលោកសង្ឃដូចការលើកឡើងនាពេលកន្លងទៅនោះទេ ការដាច់នោះដោយសារការកាយដីប៉ះខ្សែកាប្លិ៍បញ្ជូនភ្លើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំក្រោយកម្ពុជាគ្មានហេតុផលដាច់អគ្គិសនីទៀតនោះទេ ដោយកម្ពុជាត្រៀមម៉ាស៊ីនភ្លើងផ្តល់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ទុកបម្រុងពេលការផលិតថាមពលអគ្គិសនីជួបបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការត្រៀមម៉ាស៊ីនភ្លើងផលិតថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ នៅក្នុងរាជធានីភ្នំពេញហើយនោះ នៅតាមបណ្តាខេត្ត ក៏មានការដំឡើងម៉ាស៊ីនជាច្រើនទៀតផងដែរ។ ខណៈដែលថាមពលអគ្គិសនី ដើរដោយធ្យូងថ្មចាប់ផ្តើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ សម្តេចក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុនឱ្យជួយបង្កើនសមត្ថភាព ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការអគ្គិសនីត្រូវតែរៀបចំឡើងវិញ ដើម្បីឱ្យឆ្លើយតបទាន់ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋដែលជួបការលំបាកដោយសារការខ្វះថាមពលអគ្គិសនីនៅក្នុងឆ្នាំនេះ។ ប៉ុន្តែនៅឆ្នាំក្រោយមិនមានបញ្ហាបែបនេះកើតឡើងទៀតនោះឡើយ បើវារីអគ្គិសនីមិនដើរ ក៏ម៉ាស៊ីនផលិតថាមពលដើរដោយធ្យូងថ្មី ដើរដោយហ្គាស និងដើរដោយប្រេងនៅតែដំណើរការ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្រ្តីមានផ្ទៃពោះមកពីគ្រួសារក្រីក្រមកពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយបានអំពាវនាវដល់ក្រុមគ្រូពេទ្យ ដែលទទួលភារកិច្ចក្នុងការផ្តល់សេវានេះត្រូវអនុវត្តន៍ឱ្យមានភាពល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមូលពន្ធដារ និងពន្ធគយ ក្នុងរយៈពេល៥ខែឆ្នាំនេះ បានសម្រេចលើសផែនការដែលបានគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱ្យយកចិត្តទុកដាក់លើការផ្ទេរកម្មសិទ្ធិរថយន្ត និងពន្លឿនការផ្តល់សេវាឱ្យបានឆាប់រហ័ស។ សម្តេចតេជោ បានណែនាំឱ្យការផ្ទេរកម្មសិទ្ធិយានយន្តនេះ គឺធ្វើត្រឹមរវាងអ្នកលក់ចុងក្រោយទៅអ្នកទិញបានហើយ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នា «បរិភោគនំបញ្ចុក» ទាំងអស់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុកនៅថ្ងៃទី០៩ ខែមិថុនា ដែលជាថ្ងៃដែលក្រុមអតីតបក្សប្រឆាំងយកថ្ងៃនេះធ្វើយុទ្ធនាការ «ហូបនំបញ្ចុក»។
* សម្តេចតេជោ បានថ្លែងថា នំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចប្រកាសធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី នៅទីក្រុងតូក្យូ គឺជាចេតនារបស់សម្តេច។ សម្តេចតេជោ បានថ្លែងថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ឱ្យកងទ័ព ចលនាប្រជាពលរដ្ឋឱ្យចាប់សម្តេច គឺស្មើនឹងការធ្វើរដ្ឋប្រហារ និងបង្កើតសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃនេះទៅសម្តេច ហៅទណ្ឌិត សម រង្ស៉ី ជា «អាឆ្កែកូនអាក្បត់ជាតិ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ទណ្ឌិត សម រង្ស៉ី ថា តើហ៊ានស្បថដែរទេ ចំពោះការចោទប្រកាន់ថា សម្តេចជាអ្នកសម្លាប់ លោក ហុក ឡង់ឌី។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មិនអនុញ្ញាតឱ្យមានឧទ្ទាមទីក្រុងជាដាច់ខាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៉ី ជាអ្នកជួយឱ្យសម្តេចបានកាន់អំណាចបានយូរអង្វែងតាមរយៈការជួយធ្វើវិសោធនកម្មច្បាប់ដោយយកសំឡេង ៥០ បូក១ នៅក្នុងរដ្ឋសភា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងគណបក្សប្រជាជនកម្ពុជាមិនមានទម្លាប់ដណ្តើមអំណាចគ្នានោះទេ។
* សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា សម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅហុងគ្រី បន្ទាប់មកអញ្ជើញទៅតាជីគីស្ថាន ចូលរួមសន្និសីទការកសាងទំនុកចិត្តនៅអាស៊ី។ បន្ទាប់មកអញ្ជើញទៅប្រចុំអាស៊ាននៅថៃ។ នៅថ្ងៃទី២-៥ ខែកក្កដា សម្តេចនឹងអញ្ជើញទៅហ្សឺណែវ ប្រទេសស្វីស ដើម្បីថ្លែងចែករំលែកបទពិសោធន៍ដល់ប្រទេសជាសមាជិក តបតាមការអញ្ជើញរបស់អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។
* មុនបញ្ចប់សុន្ទរកថា សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគណៈពង្រឹងមូលដ្ឋានបក្សរៀបចំបរិភោគនំបញ្ចុកនៅថ្ងៃទី០៩ ខែមិថុនា។ សម្តេចតេជោ ការហូបនំបញ្ចុកនេះ គឺជាការហូបនំបញ្ចុកសាមគ្គីភាព បង្រួបបង្រួមជាតិ មិនមែនការហូបនំបញ្ចុកបំបែកបំបាក់ជាតិនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៣១នាទី, នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩
ប្រភពពី Fresh News ៕