អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបង្ហាញថា ថ្ងៃដំបូងនៃការអនុវត្តន៍អនុក្រឹត្យថ្មី ស្តីពីការផាកពិន័យអន្តរការណ៍ឃើញថា ប្រជាពលរដ្ឋនៅខេត្តសៀមរាប មានការគោរពច្បាប់បានប្រសើរជាងមុន

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងខណៈពេលដែលនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត នៅព្រឹកនេះបានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ជាមួយការផាកពិន័យខ្ពស់ជាងមុន ដែលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់ ឃើញថា ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ ដែលជិះម៉ូតូពាក់មួកសុវត្ថិភាពមានប្រមាណ៩០% បានគោរពច្បាប់ រីឯកអ្នកបើកបររថយន្តក៏មានការគោរពច្បាប់បានល្អជាងមុនដែរ ដែលកត្តាទាំងនេះគឺមកពីពួគាត់ទទួលបានពីការផ្សព្វផ្សាយអំពីច្បាប់ដាក់ឲ្យមានការរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងការផាកពិន័យខ្ពស់ជាងមុនទ្វេដង ប៉ុន្តែសម្រាប់ម៉ូតូសណ្តោងរ៉ឺម៉ក គឺនៅមានការខ្វះខាតច្រើន ទាំងបណ្ណបើកបរ និងស្លាកលេខរ៉ឺម៉ក ។

លោក តេង ច័ន្ទណាត បានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ នៅក្នុងខេត្ត គឺបានដាក់ចំនួន ១៥គោលដៅ ដែលប្រព្រឹត្តទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ ហើយសម្រាប់ថ្ងៃដំបូងនេះ ការផាកពិន័យអន្តរការណ៍នេះ សម្រាប់នៅខេត្តសៀមរាបប្រជាពលរដ្ឋមួយចំនួនធំដែលមានកំហុស គឺបានយល់ព្រមឱ្យសមត្ថកិច្ចធ្វើការពិន័យ គឺមានតែមួយចំនួនតូចប៉ុណ្ណោះដែលមានការតវ៉ាថា ការពិន័យនេះថ្លៃពេក ពួកគាត់មិនមានលុយបង់ដោយសារកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ ។

គួររំលឹកថា តាមរយៈ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរយ៉ាងដូច្នេះថា ” ឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរ ” ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ ពិនិត្យរថយន្តរបស់ខ្លួនថា តើដល់ថ្ងៃឈៀក ហើយឬនៅ ? បើដល់ហើយត្រូវយកទៅឈៀកឲ្យបានទាន់ពេលចៀសវាងការផាកពិន័យ ក្នុងពេលបើកបរ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតត្រូវមានសុពលភាព ហើយដាក់ជាប់នឹងខ្លួន គ្រប់ពេលក្នុងពេលបើកបរ ដើម្បីជៀសផុតការផាកពិន័យ ៕