អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សិក្ខាសាលាថ្នាក់ជាតិ ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥

រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំលើតួនាទីនៃការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមក្នុងបរិការណ៍ នៃការប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដោយសារតែប្រព័ន្ធគាំពារសង្គម ត្រូវបានកំណត់ជាគោលដៅយុទ្ធសាស្រ្ត កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រជាជនព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា !

ជាមួយនឹងទស្សន:ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់យ៉ាងមុតមាំ នូវតួនាទីនៃការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមដ៏មានប្រសិទ្ធភាព ។ ឯកឧត្តម្ភ បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកបញ្ជាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងឱកាសបើកដំណើរការ អង្គសិក្ខាសាលាថ្នាក់ជាតិ ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ( ២០១៦-២០២៥ ) ដែលបានធ្វើឡើងនៅក្រុងសៀមរាប ។
ក្របខ័ណ្ឌគោលនយោបាយជាតិនេះ គឺជាឯកសារគោលដែលឆ្លុះបញ្ចាំងអំពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលត្រូវរៀបចំឡើង ដើម្បីកំណត់ជាគោលដៅយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍កម្មវិធីដោយផ្តល់កិច្ចគាំពារ កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន លើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា ។ ចក្ខុវិស័យរយ:ពេលវែង សម្រាប់ការអភិវឌ្ឍន៍ និងកសាងប្រព័ន្ធនេះ គឺប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលចាត់ទុកថា ជាឧបករណ៍បម្រើដល់ការកាត់បន្ថយ ការទប់ស្កាត់ភាពក្រីក្រ ការទប់ទល់នូវភាពងាយរងគ្រោះ និងវិសមភាព របស់ប្រជាជន ។ អត្ថប្រយោជន៍នៃការអនុវត្តនូវកម្មវិធីជាតិ និងរបបនានា ក្នុងប្រព័ន្ធគាំពារសង្គម គឺផ្តល់ឲ្យក្រុមប្រជាជនគោលដៅ គ្រប់ជ្រុងជ្រោយទៅតាមការគិតគូររបស់កម្មវិធីជាតិ ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកបង្ហាញជូនអង្គសិក្ខាសាលាដែរថា ៖ ឆ្នាំ២០១៩-២០២០កន្លងមកនេះ គោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្តសៀមរាប ត្រូវបានអនុវត្ត ក្រោមកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ គ្របដណ្តប់លើស្រុកចំនួន៣ ( ស្រុកពួក ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ) ក្នុងនោះសាលារៀនចំនួន២៨បានផ្តល់អាហារពេលព្រឹក និងសាលារៀនចំនួន០៣ផ្សេងទៀត បានផ្តល់អាហារថ្ងៃត្រង់ដល់សិស្ស ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបានអនុវត្តគ្របដណ្តប់ទៅលើមណ្ឌលសុខភាពទូទាំងខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ។ មន្រ្តីរាជការទាំងអស់ក៏ត្រូវបានទទួលការថែទាំសុខភាព តាមរយ:បេឡាជាតិរបបសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស.។ ប្រជាជនក្រីក្រ ក៏ទទួលបានការថែទាំសុខភាពតាមរយ:មូលនិធិសមធម៌ ផងដែរ ។
“ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម” ត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ និងបំពេញការងារទៅតាមមុខងារ និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ បទបង្ហាញនានាក្នុងសិក្ខាសាលានេះ និងផ្តោតជាពិសេសលើខ្លឹមសារ និងអភិក្រម នៃការអនុវត្តឯកសារដើមជាបង្គោលនៃគោលនយោបាយជាតិ ។
វត្តមាននៅក្នុងអង្គសិក្ខាសាលានេះ រួមមានតំណាងអង្គការជាដៃគូអភិវឌ្ឍ ដូចជា GIZ , USAID និងមានសិក្ខាកាមប្រមាណជាជិត១០០នាក់ ជាមន្រ្តីនៃបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ មកពីចំនួន៥ខេត្ត ( សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និងបាត់ដំបង ) ៕ ប្រពភពី ៖ មន្ទីរព័ត៌មានខេត្តសៀមរាប